ជ្រើសរើសភាសា: Khmer Khmer English English
ពិធីផ្សព្វផ្សាយ និងកិច្ចសន្ទនាលើលទ្ធផលនៃការអង្កេតលើការបើកចំហថវិកា (Open Budget Survey-OBS) ឆ្នាំ២០២៣ របស់កម្ពុជា
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤

នៅសណ្ឋាគារកាំបូឌីយ៉ាណា, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃ កសហវ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានអញ្ជើញចូលរួមជាគណៈអធិតីក្នុងពិធីផ្សព្វផ្សាយ និងកិច្ចសន្ទនាលើលទ្ធផលនៃការអង្កេតលើការបើកចំហថវិកា (Open Budget Survey-OBS) ឆ្នាំ២០២៣ របស់កម្ពុជា ដែលបានសហការរៀបចំដោយប្រតិភូតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU Delegation to Cambodia), វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum on Cambodia) និងអង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership-IBP)។ ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យលើនិន្នាការនៃលទ្ធផល OBS ឆ្នាំ២០២៣ ទាំងក្នុងកម្រិតសកល តំបន់ និងសម្រាប់កម្ពុជា និងពិភាក្សាលើកាលានុវត្តភាពក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាពថវិកានៅកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញត្តិរួមមានរដ្ឋសភា និងព្រឹទ្ធសភា, តំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងសារព័ត៌មាន សរុបចំនួនប្រមាណ ១៣០ រូប។ សន្ទស្សន៍ពិន្ទុ OBS ឆ្នាំ២០២៣ របស់កម្ពុជា ត្រូវបានផ្សព្វផ្សាយជាផ្លូវការដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដែលពិន្ទុនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើងចំនួន ១០ ពិន្ទុ ពី ៣៣ពិន្ទុ ក្នុងឆ្នាំ២០២១ ដល់ ៤៣ពិន្ទុ ក្នុងឆ្នាំ២០២៣។

ព័ត៌មានទាក់ទង