នាថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំក្របខ័ណ្ឌគោលនយោបាយស្តីពីការអភិវឌ្ឍមូលបត្ររដ្ឋ (ក.ម.រ.), អមដោយឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃ ក.ស.ហ.វ., អគ្គលេខាធិការរង នៃ អ.គ.ហ., និងជាអនុប្រធានប្រចាំការ នៃ ក.ម.រ., បានដឹកនាំកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយស្ដីពីការអភិវឌ្ឍមូលបត្ររដ្ឋ ២០២៣-២០២៨។ កិច្ចពិគ្រោះយោបល់នេះមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសមាជិក នៃ ក.ម.រ., តំណាងនៃធនាគារជាតិនៃកម្ពុជា, សមាគមធនាគារនៅកម្ពុជា, សមាគមធានារ៉ាបរងកម្ពុជា, និងក្រុមហ៊ុនមូលបត្រ, ព្រមទាំងតំណាងនៃដៃគូអភិវឌ្ឍន៍ផងដែរ។ គោលបំណងនៃកិច្ចពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ លើសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយនេះ និងលទ្ធផលនៃការសិក្សាអំពីការរៀបចំទីផ្សារមូលបត្ររដ្ឋ ។