នាព្រឹកថ្ងៃ ពុធ ១៥កើត ខែ ចេត្រ ឆ្នាំ ខាល
ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២៣
ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង
FMIS (នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃអគ្គលេខាធិការដ្ឋាន
កសហវ) បានសម្របសម្រួលកិច្ចប្រជុំពិភាក្សាជាមួយក្រសួងចំនួន ៤ ដើម្បីប្រមូលធាតុចូលសម្រាប់ផ្ដល់ជាមូលដ្ឋានបន្ថែមក្នុងការសិក្សារៀបចំនិងអភិវឌ្ឍមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
ដែលជាមុខងារថ្មីមួយបន្ថែមទៀតនៅក្នុងប្រព័ន្ធ FMIS ។
កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម មន្ត
ប្រាថ្នា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន កសហវ និង
ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ
ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង
ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS អមដោយលោក អៀច សេដ្ឋា
ប្រធានលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង
មន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ។ តំណាងនៃក្រសួងចំនួន ៤
ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល
ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ។
ជាលទ្ធផលនៃកិច្ចប្រជុំ
លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលនូវធាតុចូលជាច្រើន
ដែលបានលើកឡើងដោយតំណាងក្រសួងនីមួយៗ និង
បានឯកភាពក្នុងការសហការគ្នាប្រជុំជាបន្តបន្ទាប់ជាច្រើនទៀតក្នុងកម្រិតបច្ចេកទេសដើម្បីឱ្យការរៀបចំនិងអភិវឌ្ឍមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋសម្រេចបានជោគជ័យដូចការគ្រោងទុកនៅក្នុងផែនការរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
។
គួររំលឹកផងដែរថា
ការដាក់ឱ្យអនុវត្តគម្រោងរៀបចំនិងអភិវឌ្ឍមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
នៃប្រព័ន្ធ FMIS
ត្រូវបានប្រកាសដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ ។