នាថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ២០២៥, នៅខេត្តកំពង់ឆ្នាំង, ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃកសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ.បានរៀបចំកិច្ចប្រជុំពិនិត្យ តាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី១ ឆ្នាំ ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (សហវ.) ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្ដោតការពិភាក្សាលើការពង្រឹងការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការជំរុញ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, ការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ, ការធ្វើបច្ចុប្បន្នភាពរបាយការណ៍វិភាគ SWOT រាជធានី ខេត្ត, និងការអនុវត្តការផ្ទេរមុខងារនៅថ្នាក់ក្រោមជាតិ ដើម្បីតាមដាន និងជំរុញការអនុវត្ត ក្នុងន័យធានាសម្រេចឱ្យបានតាមគោលដៅសូចនាករ ដែលបានឯកភាពក្នុងកិច្ចព្រមព្រៀងសមិទ្ធកម្ម ២០២៥ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរសហវ. រាជធានី ខេត្ត ទាំង២៥។ ឆ្លៀតក្នុងឱកាសនេះ ក៏មានរៀបចំកម្មវិធីប្រគល់-ទទួលកុំព្យូទ័រ តាមរយៈមន្ទីរសហវ. រាជធានី ខេត្ត ដើម្បីជូនដល់រដ្ឋបាលឃុំ សង្កាត់ សម្រាប់សម្រួលដល់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាបន្ថែមទៀត។