ថ្ងៃអង្គារ ១៤ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣
នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ,
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច
និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មការត្រួតពិនិត្យ និង
គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ
ដើម្បីពិភាក្សាលើការកំណត់លក្ខខណ្ឌសំខាន់ៗក្នុងឯកសារដេញថ្លៃ
រួមទាំងនីតិវិធីដេញថ្លៃកញ្ចប់លទ្ធកម្មទី ១ "មជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាព"
សម្រាប់ការអនុវត្តគម្រោង FMIS ជំហានទី៣ ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម
លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំ និង សមាជិកនៃគណៈកម្មការត្រួតពិនិត្យ និង
គណៈកម្មការវាយតម្លៃឯកសារដេញថ្លៃ ដែលអញ្ជើញមកពី អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានរតនាគារជាតិ,
អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
និង គ្រប់គ្រងបំណុល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ
គឺដើម្បីពិនិត្យតាមដានដំណើការរៀបចំការដេញថ្លៃ ឱ្យស្របតាមនីតិវិធីលទ្ធកម្ម និង
ធានាបាននូវតម្លាភាព,
ប្រសិទ្ធភាព និង ភាពប្រកួតប្រជែងដោយស្មើភាព
ក្នុងគោលដៅធ្វើឱ្យមជ្ឈមណ្ឌលទិន្នន័យនៃគម្រោង FMIS នេះ
កាន់តែមានសុវត្ថិភាព និង ភាពជឿទុកចិត្តខ្ពស់ ក្នុងការចូលរួមគាំទ្រដល់ការតភ្ជាប់
និង ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់ការដ្ឋានទាំងអស់
ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ៕