ជ្រើសរើសភាសា: Khmer Khmer English English
ចុះសួរសុខទុក្ខ និង នាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០២៦

ថ្ងៃចន្ទ​ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០
ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦
លោក​ បឹង​ គឹម​សឹង​ ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជេីញចូលរួមចុះសួរសុខទុក្ខ និង នាំយកអំណោយជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និង ខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស), តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ​ និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ, លោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងសហការីជាច្រើនរូប ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសម្ដែងនូវសេចក្ដីគោរព ការដឹងគុណ និង ការកោតសរសើរ ចំពោះវីរៈភាពរបស់វីរៈកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹកដី ប្រឆាំងនឹងសត្រូវឈ្លានពានមកលើដែនអធិបតេយ្យ, ហើយការបំពេញភារកិច្ចដ៏ឧដុង្គឧត្តមរបស់វីរៈកងទ័ព ដើម្បីបុព្វហេតុការពារជាតិ និង សេចក្ដីសុខសាន្តរបស់ប្រជាជន នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និង ចងចាំជារៀងរហូត ។
អំណោយដែលបានយកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ រួមមាន៖ ទោចក្រយានយន្ត, ធុងចម្រោះទឹក, ស៊ីទែនទឹក, គ្រឿងឧបភោគបរិភោគ (រួមមាន អង្ករ, មី/គុយទាវកញ្ចប់, ទឹកត្រី, ទឹកស៊ីអ៊ីវ, ទឹកក្រូច, ទឹកសុទ្ធ, នំទាហាន ។ល។) ព្រមទាំងសម្ភារៈបរិក្ខារចាំបាច់មួយចំនួនទៀត ។
បន្ថែមលើនេះ ក៏មានថវិកាមួយចំនួនត្រូវបានប្រគល់ជូនតំណាងវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខនៅតាមបណ្តោយព្រំដែននៃខេត្តព្រះវិហារ (ចំនួន ៤ អង្គភាព), ខេត្តឧត្តរមានជ័យ (ចំនួន ៤ ទីតាំងប្រាសាទ) និង ខេត្តបន្ទាយមានជ័យ (ចំនួន ២ អង្គភាព) ៕

ព័ត៌មានទាក់ទង