នៅថ្ងៃពុធ ៥រោច-ព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៣,
ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (ក.គ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល”។ គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំរួមនេះ និងប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសមាជិក និងសមាជិកា នៃ ក.គ.គ.ហ., តំណាងនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃ ក.ស.ហ.វ., ក្រសួង ស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, រដ្ឋបាលរាជធានី ខេត្ត, និងមន្ទីរជំនាញរាជធានី ខេត្ត, ទីប្រឹក្សាបច្ចេកទេស នៃ ក.ស.ហ.វ., និងក្រុមហ៊ុនទីប្រឹក្សា Fii & Associates ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។