នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤
នៅសណ្ឋាគារ Raffle Le Royal, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសហការជាមួយធនាគារពិភពលោកបានរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពី “របាយការណ៍ត្រួតពិនិត្យហិរញ្ញវត្ថុសាធារណៈ (Public Finance Review Report)”។ ពិធីនេះមានការអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ដោយលោកស្រី Maryam Salim, នាយិកាធនាគារពិភពលោកប្រចាំកម្ពុជា (country manager) និងថ្លែងសុន្ទរកថាបើកដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការនៃអ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, អង្គភាពក្រោមឱវាទ កសហវ. , លោក លោកស្រី ប្រធាន និងជាតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, និងបណ្ដាដៃគូអភិវឌ្ឍន៍។