នាថ្ងៃព្រហស្បត៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ០២:០០ នាទីរសៀល,
នៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចំពោះកិច្ច សម្រាប់ការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបកគំហើញបឋម នៃការសិក្សា ក្រោយបានចុះប្រមូលទិន្នន័យជាមួយអង្គភាពពាក់ព័ន្ធ និង ធ្វើការវិភាគបឋម រួចរាល់។ របាយការណ៍សិក្សានេះ នឹងក្លាយជាធាតុចូលដ៏មានសារៈសំខាន់ក្នុងរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។